ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងសិក្ខាសាលាស្តីពី “ឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា”
29 កុម្ភៈ 2024
ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពី “ឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា” ដែលបានរៀបចំឡើងនៅ ដឹព្រេមៀសេនធ័រ សែនសុខ ក្រោមអធិបតីភាពចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងអ្នកចូលរួមប្រមាណជិត៧០០នាក់មកពីតំណាង រោងចក្រផលិតចំណីសត្វ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណី, ក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំសត្វ, ក្រុមហ៊ុនលក់ឧបករណ៍បម្រើនៅក្នុងវិស័យចិញ្ចឹមសត្វ, អ្នកកែច្នៃ, អ្នកលក់សាច់, ស្ថាប័នផ្នែកអប់រំវិទ្យាសាស្ត្រសត្វ, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធច្រើនផ្សេងទៀត។
ក្នុងឱកាសនេះផងដែរ ក្រុមការងាររបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមធ្វើបទបង្ហាញអំពីការផ្តល់ឥណទាន គាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មសត្វ ហើយធនាគារ ARDB នៅតែបន្តផ្តល់ហិរញ្ញប្បទានទៅក្នុងវិស័យចិញ្ចឹមសត្វក្នុងស្រុក។
ស្របពេលជាមួយគ្នានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញពីចំណាប់អារម្មណ៍ និងការគាំទ្ររបស់រាជរដ្ឋាភិបាលផងដែរក្នុងវិស័យចិញ្ចឹមសត្វកម្ពុជា និងថែមទាំងបានលើកទឹកចិត្តទៅដល់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យមួយនេះ ឱ្យចេះធ្វើកិច្ចសហការជាមួយគ្នាទៅវិញទៅមកឱ្យបានល្អដើម្បីទទួលបានអត្ថប្រយោជន៍ដូចៗគ្នា។