ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងការស្តាប់បទបង្ហាញ និងធ្វើការវាយតម្លៃលើ “របាយការណ៍វាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០១៩-២០២៨
21 មីនា 2024
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ក្នុងការស្តាប់បទបង្ហាញ និងធ្វើការវាយតម្លៃលើ “របាយការណ៍វាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវ ១០ ឆ្នាំ ២០១៩-២០២៨ របស់ធនាគារ ARDB” ដែលធ្វើបទបង្ហាញដោយទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ ARDB នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា ផែនទីចង្អុលផ្លូវ ១០ ឆ្នាំ របស់ធនាគារ ARDB ត្រូវបានរៀបចំឡើងនាចុងឆ្នាំ២០១៨ និងបានកំណត់នូវដំណើរឆ្ពោះទៅមុខ (Milestones) របស់ធនាគារ ARDB ជា បី ដំណាក់កាលធំៗ រួមមាន៖ ដំណាក់កាលបរិវត្តកម្ម (Transformation Phase), ដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ (Expansion Phase), និងដំណាក់កាលចីរភាព (Sustainable Phase)។ ជាការកត់សម្គាល់បឋម, គិតមកត្រឹមបច្ចុប្បន្ន ធនាគារ ARDB សម្រេចបាននូវសមិទ្ធផលជាច្រើនតាមផែនទីចង្អុលផ្លូវ និងកំពុងស្ថិតក្នុងដំណាក់កាលពង្រីកវិសាលភាពប្រតិបត្តិការ។