ឯកឧត្តមបណ្ឌិត កៅ ថាច ចូលរួមទស្សនកិច្ចសិក្សាស្រែគំរូស្ថិតនៅក្រោមគម្រោង Thai Rice Nama Project ក្រោមជំនួយ GIZ ក្នុងខេត្ត ស៊ូផាបូរី ប្រទេសថៃ

30 ឧសភា 2024

ខេត្ត​ស៊ូផាបូរី​ ប្រទេស​ថៃ​៖​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីធនាគារ ARDB ចូលរួមទស្សនកិច្ចសិក្សាស្រែគំរូស្ថិតនៅក្រោមគម្រោង Thai Rice Nama Project ក្រោមជំនួយ GIZ ក្នុងខេត្ត ស៊ូផាបូរី ប្រទេសថៃ ដែលរៀបចំឡើងដោយធនាគារ BAAC នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សហគមន៍កសិកម្មដែលកំពុងអនុវត្តគម្រោងនេះ បានចែករំលែកបទពិសោធន៍ និងបច្ចេកទេស នៃការដាំដុះស្រូវដែលមានការបំភាយឧស្ម័នកាប៊ូនិចទាប ជូនដល់សហការីធនាគារ ARDB ដោយបានបញ្ជាក់ថា ស្រែគំរូនេះ បានប្រើប្រាស់បច្ចេកទេសដាំដុះដែលកាត់បន្ថយការបំភាយឧស្ម័នកាបូនិកក្នុងបរិមាណខ្ពស់ ស្របពេលជាមួយនឹងមានលទ្ធភាពកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណូល។ ជាក់ស្តែង, ក្នុងផ្ទៃដីទំហំ ១ រ៉ៃ (ប្រហែល ០.១៦ហិកតា) ទទួលបានទិន្នផលប្រមាណ ១០០០ គីឡូក្រាម និងចំណាយអស់ប្រមាណ ៥០០ បាត ក្នុងមួយរ៉ៃ និងប្រើប្រាស់គ្រាប់ពូជពី ២៥ ទៅ ៤៥ គីឡូក្រាម។ បន្ថែមពីនេះ, សហគមន៍កសិកម្ម ក៏បានបង្ហាញពីភាពរីករាយ និងឆន្ទៈខ្ពស់ក្នុងការចូលរួមថែរក្សាបរិស្ថាន។