ឯកឧត្តមបណ្ឌិត កៅ ថាច បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

9 មិថុនា 2024

ក្នុងគោលបំណងលើកទឹកចិត្តដល់ប្អូនៗយុវជនជាកីឡាករ នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្ដាល ស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល។ ការប្រកួតកីឡាបាល់ទាត់នៅព្រឹកថ្ងៃអាទិត្យនេះមាន២ប្រកួត គឺក្រុមកីឡាយុវជនឃុំព្រះប្រសប់ប្រកួតជាមួយក្រុមកីឡាយុវជនឃុំសន្លុង រីឯក្រុមកីឡាយុវជនឃុំស្វាយរមៀតប្រកួតជាមួយក្រុមកីឡាយុវជនឃុំជ័យធំ។ ការប្រកួតនៅថ្ងៃអាទិត្យនេះ គឺជាសប្តាហ៍ទី៣ នៃកម្មវិធីប្រកួតកីឡាបាល់ទាត់យុវជន ដែលបានចាប់ផ្តើមបើកការប្រកួតនៅថ្ងៃទី២៥ ខែឧសភា ហើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។ សូមរំលឹកថា ការរៀបចំឱ្យកម្មវិធីប្រកួតកីឡាយុវជនជារៀងរាល់ឆ្នាំនេះ គឺក្នុងគោលបំណង (១)លើកកម្ពស់វិស័យកីឡាឱ្យកាន់តែមានការីកចម្រើន, (២)បង្កើតឱ្យមានកម្មវិធីសប្បាយរីករាយ, (៣)ផ្តល់ឱកាសឱ្យយុវជនក្នុងមូលដ្ឋានបានជួបជុំស្គាល់គ្នា បង្កើតសាមគ្គីភាព មិត្តភាព រវាងយុវជនក្នុងឃុំជាមួយគ្នា និងយុវជនមកពីឃុំផ្សេងគ្នា និងជាពិសេសបំផុសស្មារតីយុវជនឱ្យចូលចិត្តលេងកីឡា ពីព្រោះ ការលេងកីឡានាំមកនូវសុខភាពល្អ ជួយដល់យុវជនចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខគ្រប់ប្រភេទ, និង(៤)ផ្តល់ឱកាសដល់យុវជនធ្វើការអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពទាំងកាយសម្បទា រួមទាំងចំណេះដឹងជំនាញ ដើម្បីក្លាយជាទំពាំងដ៏មានសក្តានុពលសម្រាប់បន្តវេន ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន។ ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានឧបត្តម្ភភេសជ្ជៈ និងថវិការមួយចំនួនដើម្បីជូនដល់ក្រុមកីឡាករផងដែរ ។