ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំសហការីជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន iBlooming

22 វិច្ឆិកា 2024

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំសហការីជួបជាមួយក្រុមការងាររបស់ក្រុមហ៊ុន iBlooming ដើម្បីពិភាក្សាពីលទ្ធភាពនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ ជាពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
បន្ទាប់ពីលោក Onggy Hianata ស្ថាបនិក និងអ្នករៀបចំយុទ្ធសាស្រ្តសកលនៃក្រុមហ៊ុន iBlooming ព្រមទាំងក្រុមការងារបានធ្វើបទបង្ហាញពីថ្នាលសិក្សាតាមប្រព័ន្ធអនឡាញ ក៏ដូចជាបច្ចេកវិទ្យាបកប្រែដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligence), ឯកឧត្តម បាន លឹម និងសហការីបានសម្តែងចំណាប់អារម្មណ៍ចំពោះការផ្តួចផ្តើមរបស់ក្រុមហ៊ុន iBlooming និងគូសបញ្ជាក់ថាធនាគារ ARDB នឹងសិក្សាបន្ថែមទៅលើលទ្ធភាពនៃកិច្ចសហការវាងស្ថាប័នទាំងពីរ។ ក្នុងឱកាសនេះដែរ, ឯកឧត្តម បាន លឹម បានផ្តល់យោបល់ឱ្យមានការរួមបញ្ចូលនូវប្រធានបទបណ្តុះបណ្តាលសំខាន់ៗដទៃទៀត ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានបៃតង និងប្រតិបត្តិការធនាគារ ដោយប្រធានបទទាំងនេះមានសារៈសំខាន់ណាស់សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ។