ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
អ្វីទៅជាថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ?
ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាថ្នាលសម្រាប់អ្នកដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះ ដើម្បីទទួលបានស្ថានភាពជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល។ ផ្អែកតាមទិន្នន័យដែលទទួលបានតាមរយៈការចុះឈ្មោះនេះ រាជរដ្ឋាភិបាលនឹងរៀបចំកញ្ចប់អត្ថប្រយោជន៍ដែលឆ្លើយតបនឹងតម្រូវការរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
តើនរណាអាចចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ?
- កម្មករនិយោជិតនៃសហគ្រាសធុនមីក្រូ សំដៅដល់ជនគ្រប់ភេទ ដែលបានចុះកិច្ចសន្យាធ្វើការយកកម្រៃក្រោមការដឹកនាំនិងគ្រប់ គ្រងរបស់បុគ្គលម្នាក់ទៀតជារូបវន្តបុគ្គលឬនីតិបុគ្គលសាធារណៈឬឯកជន។
កម្មករនិយោជិតម្ដងម្កាល សំដៅដល់ជនដែលចុះកិច្ចសន្យាធ្វើការមួយជាប្រាកដ តាមធម្មតាត្រូវតែឱ្យហើយក្នុងរយៈពេលយ៉ាងខ្លី និងធ្វើការមួយពេលៗ ធ្វើឈប់ៗ និងធ្វើមួយរដូវៗ។ - សហគ្រាសធុនមីក្រូ សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទ ដែលមានផលរបរប្រចាំឆ្នាំក្រោម៦២២៥០ដុល្លារអាមេរិក ឬមានចំនួនកម្មករនិយោជិតក្រោម៥នាក់។
- បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារឬមុខរបររកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួលឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជកឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករ-និយោជិតនៅក្នុងសកម្មភាពការងារឬមុខរបររបស់ខ្លួន។
ឯកសារតម្រូវសំខាន់ៗ៖
- រូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម
- រូបថតផ្ទៃមុខ
- រូបថតផ្ទៃមុខជាមួយទីតាំងអាជីវកម្ម
- រូបថតសកម្មភាពអាជីវកម្ម។
របៀបចុះឈ្មោះតាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Cam-IE)
- បើកកម្មវិធី Cam-IE
- បំពេញព័ត៌មានដើម្បីបង្កើតគណនីប្រើប្រាស់ថ្មី។ បញ្ចូលលេខទូរស័ព្ទ បង្កើតកូដសម្ងាត់ និង បញ្ជាក់កូដសម្ងាត់ ។ កូដសម្ងាត់ត្រូវមានយ៉ាងតិច ៦ តួអក្សរ តម្រូវឱ្យមានអក្សរតូច អក្សរធំ និងលេខ។ បន្ទាប់ ចុច √ នៅក្នុងប្រអប់ រួចចុច “បង្កើតគណនីថ្មី”។ បញ្ចូលលេខកូដចំនួន ៦ខ្ទង់ ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទ រួចចុចប៊ូតុង “ផ្ទៀងផ្ទាត់”។
- បញ្ចូលរូបថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានថត ឬ ស្គែនចេញពីច្បាប់ដើមជាទម្រង់ PNG, JPG, JPEG។ បញ្ចូលរូបថតផ្ទៃមុខរបស់លោកអ្នកនៅក្នុងស៊ុមរូបភាព។ ហាមពាក់ម៉ាស់ មួក និង វ៉ែនតា។
- ផ្ទៀងផ្ទាត់ព័ត៌មានដែលបានបំពេញដោយស្វ័យប្រវត្តិតាមអត្តសញ្ញាណប័ណ្ណច្បាប់ដើម និង កែតម្រូវព័ត៌មានឱ្យបានត្រឹមត្រូវ រួចចុច “បន្ទាប់”
- សូមបំពេញព័ត៌មានតាមការបង្ហាញរបស់ប្រព័ន្ធ៖
- ព័ត៌មានការអប់រំ សុខភាព និងគ្រួសារ
- ព័ត៌មានអាជីវកម្ម មុខរបរ ឬការងារ
- តម្រូវការនៃការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល
- រូបថតផ្ទៃមុខជាមួយទីតាំងអាជីវកម្ម និង រូបថតសកម្មភាពអាជីវកម្ម
- បន្ទាប់ចុចប៊ូតុង “រក្សាទុក”។
- ចុចប៊ូតុង “បន្ថែម” ក្នុងករណីមានអាជីវកម្ម មុខរបរ ឬ ការងារផ្សេងទៀតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួចចុចប៊ូតុង “បន្ទាប់”។
- ផ្ទៀងផ្ទាត់ព័ត៌មាន បន្ទាប់មកចុច √ នៅក្នុងប្រអប់ រួចចុចប៊ូតុង “ចុះឈ្មោះ”។
- ក្រោយពេលចុះឈ្មោះរួច នឹងមានការត្រួតពិនិត្យ និងឆ្លើយតប យ៉ាងយូរ ១ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីអនុម័ត អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងអាចទទួលបាននូវវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។