ឯកឧត្តមបណ្ឌិត កៅ ថាច

សមាជិកក្រុមប្រឹក្សាភិបាល

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា ​អគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល​នៃធនា​គា​​​រ ARDB។ បន្ថែមលើមុខងារបច្ចុប្បន្ន ឯកឧត្តមបណ្ឌិតប្រតិភូជាសមាជិកឧត្តមក្រុមប្រឹ​ក្សាសេដ្ឋកិច្ច​ជាតិ ឋានៈស្មើ​រដ្ឋលេ​​​ខាធិការ និង ជាមជ្ឈត្តករនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ មុនចូលបំពេញមុខងារនៅ ARDB ឯកឧត្តមបណ្ឌិតប្រតិភូ ជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា មានឋានៈនិងបុព្វសិ​ទ្ធិ​ស្មើ អនុរដ្ឋលេខាធិការ (ទទួលបន្ទុក នាយកដ្ឋានកិច្ចការគតិយុត្ត និងនាយកដ្ឋានត្រួតពិនិត្យអន្តរកា​រី)​, ធ្លាប់ជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុនៅនាយកដ្ឋានឧស្សាហកម្មហិរញ្ញវ​​​​ត្ថុ​​​ និង ជាសមាជិកក្រុមការងារ​បច្ចេកទេស​ក្នុងវិស័យហិរញ្ញវត្ថុ ជាតំ​ណាង​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមក្របខណ្ឌអាស៊ាន លើការងារអភិវឌ្ឍទីផ្សារដើមទុន ដូចជា ក្រុមការងារ ABMI, ACMF និងសេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិតធ្លាប់បានចូលរួមធ្វើសេចក្តីព្រាងច្បាប់ស្តីពី មូលបត្ររដ្ឋ និង ច្បាប់ស្តីពី​​ ការបោះផ្សាយ និងជួញដូរមូលបត្រមហាជន ព្រមទាំងជា សមាជិកក្រុមកាងារទទួលបន្ទុករៀបចំយុទ្ធសា​ស្រ្ត​អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០០៦ ដល់ ២០១៥ និង២០១១ ដល់ ២០២០។ នៅឆ្នាំ១៩៩៩ រហូតមកដល់ឆ្នាំ២០០៣ ជា មន្រ្តីច្បាប់នៅក្រសួងយុត្តិធម៌​ និងក្រឡាបញ្ជីនៅខេត្តកោះកុង។ ចំពោះប្រវត្តិសិក្សា ឯកឧត្តមបណ្ឌិតប្រតិភូ ទទួលបានបណ្ឌិតគោលនយោបាយសាធារណៈ មកពីសាកលវិទ្យាល័យកម្ពុជា​ (ប្រទេសកម្ពុជា) នៅ​ឆ្នាំ២០២១ ដោយបានបញ្ចប់និក្ខេបបទ “The Role of Securities Regulators in Efficient Supervision and Regulation of the Securities Market in Cambodia” និងបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រ (DBA) មកពីសាកលវិទ្យាល័យ EU Business School (ប្រទេសស្វីស) នៅឆ្នាំ២០១៨។ ឯកឧត្តមបណ្ឌិតប្រតិភូ ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ មកពី Bond University (ប្រទេសអូស្រា្តលី) នៅឆ្នាំ ២០០២ លើជំនាញប្រព័ន្ធពាណិជ្ជកម្មច្បាប់អន្តរជាតិ ក្របខណ្ឌច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងការរៀបចំប្រព័ន្ធដោះស្រាយវិវាទ និង បរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (LLB) នៅឆ្នាំ ១៩៩៨។