ឯកឧត្តម រស់ សីលវ៉ា

ប្រធានក្រុមប្រឹក្សាភិបាល

បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ARDB។ ឯកឧត្តមបានចាប់ផ្តើមបម្រើតួនាទីក្នុងជួររាជរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ១៩៨៥ ក្នុងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល។ នៅឆ្នាំ១៩៩៤     ឯកឧត្ដមបានបម្រើការងារក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានតួនាទីជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ។ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ ឯកឧត្ដម ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានផែនការគោលនយោបាយសេដ្ឋកិច្ចជាតិ និងហិរញ្ញវត្ថុ។ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ ឯកឧត្ដមបានទទួលតួនាទីជាប្រធាននាយកដ្ឋានសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។ បន្ថែមពីនេះទៀត ឯកឧត្ដម ធ្លាប់បានបំពេញការងារជាទីប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោកក្នុងឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។ ឯកឧត្ដមត្រូវបានតែងតាំងជាអគ្គលេខាធិការរង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ទាប់ពីឯកឧត្ដមវិលត្រឡប់មកពីបំពេញការងារជាទីប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក ហើយឯកឧត្ដមត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០២០ ឯកឧត្ដមត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្ដមក៏ជាអ្នករួមចំណែកក្នុងការតាក់តែងគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងធ្លាប់បានបំពេញការងារជាសាស្រ្តាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញនៃក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។

ឯកឧត្ដម ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តសង្គមពី Penzas Institute of Pendagogyអតីតសហភាពសូវៀត នៅឆ្នាំ១៩៩២។ នៅឆ្នាំ២០០២ ឯកឧត្ដមទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកិច្ចការអន្តរជាតិគ្រប់គ្រងនយោបាយសេដ្ឋកិច្ចពីសាកលវិទ្យាល័យកូឡុមប៊ី ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។