Photo for Website_CEO

សារលិខិតរបស់អគ្គនាយក

អគ្គនាយក

បើទោះបីជាក្នុងឆ្នាំ២០២១ វិបត្តិកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដោយ, ធនាគារ ARDB នៅតែបន្តដើរតួនាទីបានយ៉ាងល្អក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តនូវការផ្តល់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលក្នុងការស្ដារ និងរក្សាលំនឹងអាជីវកម្មរបស់ប្រជាកសិករ, សហគមន៍កសិកម្ម, និងសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម។ ក្នុងឆ្នាំ២០២១ ធនាគារ ARDB សម្រេចបាននូវសមិទ្ធផលធំៗមួយចំនួន ដូចជា៖ (១) សំពៀតឥណទានសរុបបានកើនឡើងរហូតដល់ ៣០២ លានដុល្លារអាមេរិក ដែលមានកំណើន ២១,៧៥% ធៀបនឹងឆ្នាំ២០២០។ (២) ចំនួនគណនីប្រាក់បញ្ញើមានកាលកំណើនចំនួន ៧៣% ដែលកំណើននេះ កើតឡើងដោយសារតែកំណើនគណនីប្រាក់បញ្ញើសន្សំ និងគណនីប្រាក់បញ្ញើមានកាលកំណត់ និងសមតុល្យប្រាក់បញ្ញើមានកំណត់កំណើនចំនួន ១១៨,២៩%។ (៣) ការដាក់ឱ្យដំណើរការនូវសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ដែលជាសេវាកម្មមួយជួយសម្រួល និងជំរុញដល់ការនាំចេញនូវផលិតផលកសិកម្មរបស់កម្ពុជា។ (៤) ការពង្រីកបណ្តាញការិយាល័យចល័ត នៅតាមបណ្តាខេត្តចំនួន ១០ រួមមាន៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តពោធិ៍សាត់, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តព្រៃវែង, ខេត្តត្បូងឃ្មុំ, ខេត្តតាកែវ, និងខេត្តស្ទឹងត្រែង។ (៥) ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅពង្រីកវិសាលភាពក្នុងការផ្ដល់ហិរញ្ញប្បទាន និងចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព។

 

ទស្សនវិស័យសម្រាប់ឆ្នាំ២០២២ របស់ធនាគារARDB

ដោយផ្អែកតាមផែនទីចង្អុលផ្លូវរយៈពេល ១០ ឆ្នាំ របស់ធនាគារ ARDB និងការបន្ដអនុវត្ដគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញវិស័យកសិកម្ម ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកិសករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម, ក្នុងឆ្នាំ២០២២ ខាងមុខនេះ ធនាគារ ARDB បានកំណត់ដំណើរឆ្ពោះទៅមុខរបស់ខ្លួនយ៉ាងច្បាស់លាស់ក្នុងផែនការអាជីវកម្មចម្បងៗ ដូចជា៖ (១) ជំរុញប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៏ជាតិ និងអន្តរជាតិ, (២) ជំរុញការធ្វើបរិវត្តកម្មប្រជាកសិករ ទៅជាកសិករសហគ្រិន, (៣) ជំរុញការធ្វើបរិវត្តកម្មទៅជាធនាគារឌីជីថល ទាំងផ្នែកប្រតិបត្តិការ និងការផ្តល់សេវាកម្មជូនអតិថិជន, (៤) ជំរុញការធ្វើពិពិធកម្មប្រភពទុន និងការអនុវត្តឥណទានបៃតង, (៥) ជំរុញការដាក់ប្រាក់បញ្ញើ និងបង្កើនសំពៀតឥណទាន ព្រមទាំងធ្វើពិពិធកម្មសំពៀតឥណទាន, និង (៦) ជំរុញផលិតភាពអនុវត្តការងារប្រកបដោយវិជ្ជាជីវៈតាមរយៈការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។

 

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើ ធនាគារ ARDB។ ខ្ញុំបាទ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ ដែលតែងតែគាំទ្រ និងផ្តល់អនុសាសន៍ល្អៗដល់ធនាគារ ARDB និងសូមអរគុណដល់បុគ្គលិកធនាគារទាំងអស់ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ព្រមទាំងអរគុណដល់អតិថិជន និងដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមសហការជាមួយធនាគារ ARDB លើការលើកស្ទួយការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសកម្ពុជា។