To be update
ឯកឧត្តមបណ្ឌិត សឹង រេត ត្រូវបានតែងតាំងជាអគ្គនាយករង នៃធនាគារ ARDB នៅខែកក្កដា ឆ្នាំ២០១៩។ ឯកឧត្តមជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើរដ្ឋលេខាធិការ។
ជាមួយគ្នានេះដែរ, ឯកឧត្តម គឺជាសមាជិកនៃមហាវិទ្យាល័យធុរៈកិច្ច និងវិទ្យាស្ថានសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Antwerp នៃប្រទេសប៊ែកហ្សិក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច (Research Fellow) នៅ Centre for ASEAN Studies។ ឯកឧត្តមធ្លាប់ជាសាស្រ្តាចារ្យបង្ហាត់លើមុខជំនាញសេដ្ឋកិច្ច នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិកក្រោមកម្មវិធី Fullbright Lecturing Program នៃ U.S Department of State។ ក្នុងអំឡុងកម្មវិធី Fullbright នៅសហរដ្ឋអាមេរិក, ឯកឧត្តមក៏តែងត្រូវបានអញ្ជើញចូលរួមបង្ហាត់នៅ D’Amore-McKim School of Business នៃសាកលវិទ្យាល័យ Northeastern ក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលបង្ហាត់នៅសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំសិក្សា ២០១៦ -២០១៧, បណ្ឌិត សឹង រេត ត្រូវបានអញ្ជើញឱ្យធ្វើបទបង្ហាញជាច្រើនស្តីពីភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅតាមបណ្តាគ្រឹះស្ថានអប់រំ និងវិទ្យាស្ថានស្រាវជ្រាវ នៅទីនោះ។ បច្ចុប្បន្ន, ឯកឧត្តមគឺជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសាលាភូមិន្ទរដ្ឋបាល និងនៅរាជ្យបណ្ឌិតសភាកម្ពុជា ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានតែងតាំងជាសមាជិកបម្រុងនៃរាជ្យបណ្ឌិតសភាកម្ពុជា។
ឯកឧត្តមបណ្ឌិត សឹង រេត ធ្លាប់ជាសមាជិកគណៈវិនិច្ឆ័យសម្រាប់ការការពារនិក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យ Antwerp និងជាសមាជិកពិនិត្យការការពារនិក្ខេបបទបរិញ្ញាបត្រជាន់ខ្ពស់នៅកម្ពុជា។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០០៩ ដល់ខែមករា ឆ្នាំ២០១១, ឯកឧត្តម បានបញ្ចប់កិច្ចការស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិតនៅវិទ្យាស្ថាន Flemish Center for International Policy នៃសាកលវិទ្យាល័យ Antwerp ដែលតាមរយៈស្ថាប័ននេះ ឯកឧត្តមបានធ្វើលើគម្រោងស្រាវជ្រាវរួមគ្នាមួយ ជាមួយធនាគារជាតិនៃប្រទេសប៊ែលហ្ស៊ិក ក្រោមប្រធានបទ “ឥទ្ធិពលនៃសាកលភាវូបនីយកម្មលើទីផ្សារការងារក្នុងប្រទេសប៊ែលហ្ស៊ិក”។
ឯកឧត្តម បានបោះពុម្ភឯកសារស្រាវជ្រាវវិទ្យាសាស្ត្រលើផ្នែកសេដ្ឋកិច្ចជាបន្តបន្ទាប់នៅក្នុងទិន្នានុប្បវត្តិវិទ្យាសាស្ត្រ និងធ្លាប់ជាអ្នកត្រួតពិនិត្យលើឯកសារសម្រាប់បោះពុម្ពក្នុងទិន្នានុប្បវត្តិវិទ្យាសាស្ត្រ ជាច្រើន ដូចជា Journal of Asian Economics, International Trade Journal, Economics Bulletin, International Journal of Commerce and Management, Journal of International Trade and Economic Development, International Journal of Manpower, Journal of International Trade Law and Policy។ ការងារស្រាវជ្រាវរបស់ឯកឧត្តម ក៏ត្រូវបានទទួលឱ្យធ្វើជាបទបង្ហាញនៅសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសហ្វីលីពីន ប្រទេសប៊ែលហ្ស៊ិក ប្រទេសកូរ៉េ ប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី និងប្រទេសថៃ ផងដែរ។
បច្ចុប្បន្ន ឯកឧត្តមក៏ជាសមាជិកនៃក្រុមប្រឹក្សាត្រួតពិនិត្យនៃ Journal of Business and Management ហើយក៏ជាសមាជិក (Council of Fellows) នៃ East Asian and Economic Association (EAEA) ផងដែរ។ ជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិត សឹង រេត ក៏ជាទីប្រឹក្សាគម្រោង (international consultant) របស់វិទ្យាស្ថាន Economic Research Institute for ASEAN and East Asia (ERIA) លើគម្រោងសេដ្ឋកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថល។