ឯកឧត្តម កៅ ថាច តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយសហការីបានអញ្ជើញចូលរួមកម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០
10 វិច្ឆិកា 2020
ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយសហការីបានអញ្ជើញចូលរួមកម្មវិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ឯកឩត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសម្ដែងនូវសេចក្ដីរីករាយ និងចូលរួមអបអរសាទរចំពោះក្មួយៗ ប្អូនៗទាំងអស់ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃជីវិតសិក្សារក្នុងសម័យកាលនៃប្រទេសមានសន្តិភាព និងការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ ឯកឩត្តម កៅ ថាច បានធ្វើការកត់សម្គាល់ និងគូសវាសនូវចំនុចសំខាន់ៗមួយចំនួនជូនដល់ ប្អូនៗដើម្បីជាប្រទីបក្នុងការសិក្សារបស់ខ្លួនដោយយកគំរូនៃការសិក្សារបស់អ្នករៀនពូកែៗជុំវិញខ្លួន និងជាពិសេសត្រូវតាំងចិត្តប្រឡងឱ្យជាប់ដើម្បីឈានឡើងបន្តទៅកាន់មហាវិទ្យាល័យដែលមានអាហារូបករណ៍ជាច្រើនកំពុងរង់ចាំប្អូនៗ។ ជាក់ស្តែងក្នុងស្រុកខ្សាច់កណ្តាលទាំងមូល ដោយទទួលបានការយកចិត្តទុកដាក់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្អូនៗដែលពុំមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ ឯកឧត្តមអគ្គបណ្ឌិតបានត្រៀម និងផ្តល់អាហារូបករណ៍ដល់ប្អូនៗដើម្បីបន្តការសិក្សារហូតដល់ចប់នៅមហាវិទ្យាល័យជារៀងរាល់ឆ្នាំ។
ទន្ទឹមនេះ ដើម្បីពង្រឹងគុណភាពសិស្សានុសិស្ស ឯកឧត្តម កៅ ថាច បន្តស្នើសុំអោយលោកគ្រូអ្នកគ្រូបន្តការខិតខំទាំងកម្លាំងកាយចិត្ត ដើម្បីអប់រំ និងបង្រៀងដល់ប្អូនៗជាសិស្សានុសិស្សឱ្យកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសសម្រាប់ប្អូនៗដែលត្រូវត្រៀមខ្លួនប្រឡងបាក់ឌុបនៅឆ្នាំ២០២០ខាងមុខនេះ។