ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និង សមាគមន៍ខ្មែរហាមិលតុន-ភ្នំពេញ បានចុះមកសាកសួរសុខទុក្ខកុមារកំព្រានៃអង្គការពន្លឺអនាគត
10 វិច្ឆិកា 2020
ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក តឹក ឃាង ប្រធានសមាគមខ្មែរហាមិលតុន-ភ្នំពេញ ព្រមទាំងសហការី បានចុះសួរសុខទុក្ខសំណេះសំណាលជាមួយក្មួយៗកុមារកំព្រាក្នុង “កម្មវិធីសប្បុរសធម៌របស់ធនាគារអភិវឌ្ឍន៍ជនបទ និងសមាគមខ្មែរហាមិលតុន-ភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត” នៅមណ្ឌលនៃអង្គការពន្លឺអនាគត ដែលមានទីតាំងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គការពន្លឺអនាគតបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ ផ្តល់ចំណីអាហារ ទីកន្លែងស្នាក់នៅ សំលៀកបំពាក់ សុខភាព ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់ចំណេះដឹងអំពីវប្បធម៌ និងសង្គម ដល់កុមារកំព្រាដែលគ្មានទីពឹង។
បច្ចុប្បន្នអង្គការពន្លឺអនាគតបាននិងកំពុងចិញ្ចឹមបីបាច់កុមារកំព្រាចំនួន ៨០ នាក់ ក្នុងនោះកុមារីចំនួន ៤៦ នាក់ ដែលមានអាយុចាប់ពី ៦ ឆ្នាំ ដល់ ១៩ ឆ្នាំ ព្រមទាំងមានគ្រូបង្រៀន និងបុគ្គលិកសរុបចំនួន ២៣ នាក់។ អង្គការពន្លឺអនាគតបានធ្វើការបណ្តុះបណ្តាលអប់រំដល់កុមារកំព្រា ដែលរួមមាន (១) នៅក្នុងមណ្ឌល គឺបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស កុំព្យួរទ័រ សិល្បៈ និងការាត់តេ និង (២) នៅក្រៅមណ្ឌល គឺឱ្យកុមារទៅរៀននៅសាលារដ្ឋ គឺសាលាបឋមសិក្សាព្រៃស្ពឺ និងអនុវិទ្យាល័យ-វិទ្យាល័យជំពូវ័ន្ត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ឱ្យយកចិត្តទុកដាក់ខិតខំរៀនសូត្រឱ្យបានពូកែ ហើយយ៉ាងហោចណាស់រៀនឱ្យបានចប់វិទ្យាល័យ ត្រូវចេះសាមគ្គីគ្នា ស្រឡាញ់រាប់អានគ្នា ដូចជាបងប្អូនបង្កើត ព្រោះក្មួយៗទាំងអស់គ្នារស់នៅក្រោមដំបូលតែមួយ ទោះបីជាក្មួយៗមិនមានឪពុកម្ដាយក៏ដោយ ប៉ុន្តែក្មួយៗមានលោកប្រធានអង្គការនិងលោកគ្រូអ្នកគ្រូនៅក្នុងមណ្ឌលនេះ ដែលជាឳពុកម្តាយបង្កើតរបស់ក្មួយៗដែលចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់នូវភាពកក់ក្តៅដល់ក្មួយៗទាំងអស់គ្នា។ ក្រៅពីការសិក្សារៀនសូត្រ ក្មួយៗត្រូវជួយសម្អាតអនាម័យ ថែរក្សាសម្ភារៈទាំងអស់នៅក្នុងមណ្ឌល ដើម្បីប្រើប្រាស់បានយូរអង្វែង និងធ្វើតែអំពើល្អ ដើម្បីជាគំរូដល់កុមារជំនាន់ក្រោយ។ ឯកឧត្តម បានឧបត្ថម្ភអំណោយដល់អង្គការពន្លឺអនាគត រួមមាន អង្ករចំនួន ២ តោន អាវចំនួន ៣០០ អាវ និងថវិកាមួយចំនួន ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាដល់ក្មួយៗកុមារកំព្រា ចំនួន៨០ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរ ២ ក្បាល ប៊ិច ២ ដើម និងខ្មៅដៃ ២ ដើម។ ឯកឧត្តម ក៏បានសន្យាជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគតនូវថវិកាចំនួន ១ លានរៀល ក្នុង ១ ខែក្នុងរយៈពេល១ ឆ្នាំផងដែរ។