ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍មៀនប៉ៃលិនដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ,ស្វែងរកដំណោះស្រាយ និងតម្រូវការឥណទានរបស់សហគមន៍មៀនប៉ៃលិន
22 February 2023
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកសហគមន៍មៀនប៉ៃលិនដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ,ស្វែងរកដំណោះស្រាយ និងតម្រូវការឥណទានរបស់សហគមន៍មៀនប៉ៃលិន
————
ប៉ៃលិន÷ រសៀលថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនក្នុងសហគមន៍មៀនប៉ៃលិន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងការដាំដុះ ការថែទាំដំណាំ និងស្ថានភាពនៃការនាំចេញមៀនប៉ៃលិនទៅប្រទេសចិន ជាពិសេសតម្រូវការឥណទានបន្ថែមពីធនាគារ ARDB។
ក្នុងជំនួបនៃឱកាសនេះ, ឯកឧត្តមបណ្ឌិត បន្តលើកទឹកចិត្ត និងធ្វើការសង្កត់ធ្ងន់ ដល់សហគមន៍គួរបន្តពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំទុរេនឲ្យបានត្រឹមត្រូវតាមស្តង់ដារ ហើយបន្តពិនិត្យលទ្ធភាពក្នុងការចុះបញ្ជីចំការសម្រាប់នាំចេញ។
ដោយឡែកសម្រាប់តម្រូវការឥណទានបន្ថែម ពី ARDB ឯកឧត្តមបណ្ឌិត លើកទឹកចិត្តដល់បងប្អូន អាចទាក់ទងមក ធនាគារ ARDB បាន។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបបន្ថែមអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធានគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយ ធនាគារ ARDB ត្រៀមខ្លួនសម្រាប់ជួយដល់បងប្អូនដែលមានតម្រូវការឥណទានដើម្បីប្រកបរបរកសិកម្ម។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍។
សូមបញ្ជាក់ថា សហគមន៍កសិកម្មមៀនប៉ៃលិនបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ សមាគមនេះមានសមាជិកចំនួន ២៣៣នាក់ ហើយមានផ្ទៃដីដាំដុះប្រមាណជាង ២៤០០ហិចតា៕