ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្តអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដាំបន្លែក្នុងផ្ទះសំណាញ់ ខេត្តបាត់ដំបង

23 February 2023

កម្មវិធីចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់
————————————
ស្រុកសង្កែ ខេត្តបាត់ដំបង÷ព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តអញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដាំបន្លែក្នុងផ្ទះសំណាញ់ជូនដល់សមាជិកសហគមន៍កសិកម្មចម្រើនផលរាំងកេសី។
សហគមន៍កសិកម្មនេះ បានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ២០១៣ ដែលមានអាស័យដ្ឋាន ស្ថិតនៅភូមិស្វាយជាតិ ឃំុរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានសមាជិកចំនួន ៣១៨ គ្រួសារ ប្រកបរបរផលិតស្រូវពូជសែនក្រឣូប និងប្រមូលទិញស្រូវចំណី។
យកឱកាសនេះ, ឯកឧត្តមបណ្ឌិត បានជជែក និងពិភាក្សាជាមួយបងប្អូនក្នុងសហគមន៍ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងផលិតកម្មស្រូវពូជ, ការប្រមូលទិញស្រូវចំណី និងជាពិសេសតម្រូវការឥណទាន។ ឯកឧត្តមបណ្ឌិតក៏បានជម្រាបជូនបងប្អូនពីសារសំខាន់នៃការគ្រប់គ្រងថ្លៃដើម និងការចំណាយក្នុងផលិតកម្មស្រូវ។
មួយវិញទៀត បន្ថែមលើផលិតកម្មស្រូវពូជ និងស្រូវចំណី ឯកឧត្តមបណ្ឌិត បានជូនយោបល់ដល់បងប្អូនគួរគិតគូពីមុខរបររួមផ្សំន្ថែមក្រៅពីការផលិតស្រូវ មានដូចជា សត្វគោ ក្របី ជ្រូក មាន់ ទា ជាដើម និង/ឬការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ឬ green house តាមបែបកសិកម្មទំនើបដើម្បីទទួលបានគុណភាពតាមស្តង់ដារ និងទិន្នផលខ្ពស់ ដែលអាចបម្រើជីវភាពប្រចាំថ្ងៃផង និងក៏ឣាចបានផលចំណូលបន្ថែមក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត រំលឹកបងប្អូនឣំពីកាលបរិច្ឆេទនៃការបោះឆ្នោតជាតិនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ហើយសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៍ជានិរន្តរ៍៕