កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី

8 June 2023

ថ្ងៃ​ព្រហស្បតិ៍​ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា​ ឆ្នាំ​២០២៣​÷ ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនប្រជាសហគមម៍កសិកម្ម
អូរខ្លែងព័រមានជ័យ ដែលជាបណ្តំក្រុមអ្នកផលិតស្វាយចន្ទី​​ ដំឡូងមី​ និងទទួលសេវាកម្ម បោកស្រូវ​ បោកសណ្តែក​ដល់ទីកន្លែង​ និងកែច្នៃគ្រប់ស្វាយចន្ទី។
ក្នុងឱកាសជួបជុំនេះ ឯកឧត្ដម​បណ្ឌិតមានប្រសាសន៍ជម្រាបជូនដល់សមាជិកសហគមន៍ថា រាជរដ្ឋាភិបាល​កម្ពុជាមានគោលនយោបាយគាំទ្រ​ និងចង់ប្រែក្លាយកម្ពុជា​ ទៅជាអធិរាជគ្រប់ស្វាយចន្ទី​ នាពេល​អនាគត​ ។ ជាមួយគ្នានេះដែរក្នុងករណី សហគមន៍ ឬសមាជិក​សហគមន៍​ណាម្នាក់ចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB ដោយក្នុង​អត្រា​ការប្រាក់​សមរម្យ​ ដេីម្បីទិញជី​ ថ្នាំ​ ម៉ាស៊ីន​បកស្វាយចន្ទី​សាងសង់​ឃ្លាំង​ស្តុក​ លាន​ហាល​ និងថែទាំជាដេីម។ឯកឧត្តមបណ្ឌិតបានថ្លែងបញ្ជាក់ថាចំពោះអត្រាការប្រាក់របស់ ARDB គឺជាការប្រាក់សម្បទាន​ និងជាការគិតគូររបស់រាជរដ្ឋាភិបាល់ចំពោះបងប្អូនប្រជាកសិករនៅទីជនបទ​ដើម្បីពង្រីកវិស័យកសិកម្ម។ ដោយឡែកបន្ថែមពីនេះឯកឧត្តមបណ្ឌិត ក៏បានណែនាំអំពីវត្តមានរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) ដែលនឹងចូលរួមជួយគាំទ្រខាងបច្ចេកទេសដាំដុះ និងទទួលទិញកសិផលស្វាយចន្ទីពីសហគមន៍ផងដែរ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នេីសុំឥណទានពីធនាគារ​ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួតមកដាក់ធ្វើជាទ្រព្យធានាបំណុលបាន​ នៅពេលដែលទីផ្សារមានការធ្លាក់ចុះតម្លៃខ្លាំង​ ដែលធនាគារអាចផ្តល់ឥណទានជូនរហូតដល់៧០% នៃតម្លៃ​គ្រាប់​ស្វាយចន្ទី​ក្នុងឃ្លាំងស្តុក។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិតបានសំណូមពរឲ្យសមាជិកសហមន៍គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះ​ ការថែទាំ​ ដេីម្បីបង្កេីនការផលិត​ និងការកែច្នៃ​ ឲ្យ​ស្របតាមសង់ដារចំណីអាហារ​ ដេីម្បីលក់ទៅទីផ្សារផងដែរ។
ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន។