កម្មវិធីសំណេះសំណាល ផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រ ដល់គម្រោងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី និងផ្សារភ្ជាប់ទីផ្សារស្វាយចន្ទី នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ
12 June 2023
ថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣÷ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជប់ និងប្អូនៗជាសិស្សនិស្សិតសកលវិទ្យាល័យក្រចេះ ប្រមាណជាង ១០០នាក់ ។
ជាកិច្ចចាប់ផ្តេីម ឯកឧត្តមបណ្ឌិតប្រតិភូ មានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាកសិករ បងប្អូនតំណាងសហគមន៍ និងសិស្សនិស្សិត ដែលមានវត្តមាននៅក្នុងទីនេះ អំពីការរស់នៅ ការសិក្សា និងការប្រកបមុខរបរដាំដុះស្វាយចន្ទី និងដំណាំផ្សេងៗទៀត ហេីយបន្ទាប់មកឯកឧត្តមបណ្ឌិត បានអនុញ្ញាតឲ្យបងប្អូនលេីកឡើងនូវបញ្ហាប្រឈមនានា ព្រមជាមួយនឹងសំណូមពរផ្សេងៗមកកាន់ធនាគារ ARDB។
ឯកឧត្តមបណ្ឌិត បានជម្រាបជូនដល់បងប្អូនប្រជាកសិករថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដូច្នេះហើយដើម្បីកម្ពុជាក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី នាពេលអនាគតបាន បញ្ហាប្រឈមផ្សេងៗដែលបងប្អូនបានលើកឡើងនោះ ចាំបាច់ត្រូវធ្វើការដោះស្រាយ។
ឯកឧត្ដមបណ្ឌិត ក៏បន្តស្នើសុំឲ្យប្រជាកសិករដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រេីនហេីយនៅជិតគ្នាគួរ៖
1. សូមចងក្រងជាសហគមន៍ ឬជាបណ្តុំអ្នកផលិត ដោយរួមគំនិតគ្នាគិតគូររៀបចំចងក្រង ដោយមានផែនការដាំដុះ និងផ្សារភ្ជាប់ទៅទីផ្សារ។
2. រួមគ្នាស្នេីសុំឥណទានជាទុនវិនិយោគសម្រាប់សាងសង់ឃ្លាំង លានហាល ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីលេីទីផ្សារ។
3. ក្នុងករណី តំណាងសហគមន៍ ឬសមាជិកសហគមន៍ ឬប្រជាកសិករដែលចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី គឺបងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB បាន ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ ឃ្លាំង ស្តុក លាន ហាល ជាដើម ហើយអត្រាការប្រាក់នេះ គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករ នៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី និដាំដុះដំណាំផ្សេងៗក្នុងវិស័យកសិកម្ម។
4. ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នើសុំឥណទាន ពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០% នៃតម្លៃ គ្រាប់ ស្វាយចន្ទី ក្នុងឃ្លាំងស្តុក។
5. ឯកឧត្តមបណ្ឌិតក៏បានសំណូមពរដល់ប្រជាកសិករទាំអស់ គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃ ឲ្យ ស្របតាមសង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារផងដែរ នៅពេលទទួលបានឥណទានពីធនាគារ។
គួរបញ្ជាក់ផងដែរថា ផ្ទៃដីដាំដុះស្វាយចន្ទី ទូទាំងខេត្តក្រចេះមានប្រមាណជា ង៨០ ០០០ហិកតា។
ជាកិច្ចបញ្ចប់ ឆ្លៀតឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ប្អូនៗនិស្សិត ទាំងអស់ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើស តំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន៕