កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី

23 June 2023

កំពង់ឆ្នាំង៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទីនៅខេត្តកំពង់ឆ្នាំង និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី
—‐——————————
រសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំដុះស្វាយចន្ទី ដំឡូង​ឈ្វា​ ស្រូវ​ ចិញ្ចឹម​សត្វ​ និងដាំបន្លែ​ ជូនដល់បងប្អូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំង។
គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត មានវត្ថុបំណង៖
1. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និង អនុញ្ញាតអោយលើកអំពីសំណូមពរ មកធនាគារ ARDB ។
2. ធ្វើការណែនាំអោយបងប្អូនផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចញ្ជឹមឆ្នាំងបាយ អោយក្លាយជាការធ្វើកសិកម្មបែបសហគ្រិន ពោលគឺមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។ ការណ៍នេះ ឯកឧត្តមបណ្ឌិត លើកទឹកចិត្តអោយបងប្អូនត្រូវធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈ យូធូប ជាដើម ដើម្បីទទួលបានចំណេះដឹងថ្មីៗ។
3. បងប្អូន គួរចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ។ ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវ និងមានទីផ្សារ។
4. ណែនាំអោយបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី ដើម្បីអោយការដាំដុះទទួលបានទិន្នផលខ្ពស់។ ណាមួយកុំទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចអោយយើងដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ និងមានតម្រូវការ។
5. ឯកឧត្តមបណ្ឌិត ណែនាំ អោយបងប្អូនកែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ អោយ ឆ្លៀតចញ្ចឹមសត្វបន្ថែម ដើម្បីទទួលបានចំណូលបន្ថែម។
6. ចងក្រងគ្នាជាសហគមន៍កសិកម្ម ឬបណ្តុំផលិត និងត្រូវរៀបចំផែនការណ៍ដាំដុះ, រៀបចំផែនការចិញ្ចឹម ផែនការប្រមូលផល ដើម្បីមានលទ្ធភាពផ្គត់ផ្គង់លក់ជាប់លើទីផ្សារ។ ការណ៍នេះសំខាន់ណាស់ , បើបងប្អូនអាចធ្វើបាននោះបងប្អូនពិតជាទទួលបាន ផលចំណេញច្រើន និងមានចំណូលចូលគ្រួសារ។
7. ឯកឧត្តមបណ្ឌិត លើកទឹកចិត្តដល់បងប្អូន ក្នុងករណីបងប្អូន ​ប្រជាកសិករ​ ឬបណ្តុំផលិត​ ណាម្នាក់ចង់បានឥណទាន​ ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB បានក្នុង​អត្រា​ការប្រាក់​សមរម្យ​ ដេីម្បី៖
• ទិញជី​ដែលមានគុណភាព
• ទិញថ្នាំ​ដែល​អាចយកមកប្រេីមិនប៉ះពាល់សុខភាពខ្លួន​ និងអ្នកដែលទទួលទានចុងក្រោយ
• ថែទាំដោយយកចិត្តទុកដាក់ខ្ពស់​ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ពីអ្នកដាំជោគជ័យ​ ឬពីការបង្ហាញដោយអ្នកដាំជោគជ័យក្នុងយូធូប ជាដេីម​ នូវ​ការដាក់​ សំអាត​ស្មៅ​ តែង​មែក​ ជាដេីម​
• សាងសង់​ឃ្លាំង​ស្តុក​ លាន​ហាល​ និងម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីជាដេីម។
8. ចុងបញ្ចប់, ឯកឧត្តមបណ្ឌិត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាកសិករ សហគនម៍កសិកម្ម ទាំងអស់ដែលមានសិទ្ធិបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទាំងអស់គ្នា កុំបីខានផងដែរ៕