ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់
26 June 2023
បាត់ដំបង- ប៉ៃលិន ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យមើលការខូចខាតផ្ទះសំណាញ់ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ និងពិនិត្យតាមដានការអនុវត្តគម្រោងឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់
————————
ថ្ងៃសុក្រ ៦កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣÷ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានចុះពិនិត្យមើលការប្រើប្រាស់ឥណទានគាំទ្រដល់សមកម្មភាពដាំដុះបន្លែស្ពៃក្រញាញ់ ខាត់ណាផ្កា និងបន្លែចំរុះ នៅក្នុងផ្ទះសំណាញ់ ដែលមានអាសយដ្ឋានស្ថិតនៅឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ស្របពេលជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត និងសហការីបានចុះពិនិត្យមើលផលប៉ះពាល់ដោយបញ្ហាខ្យល់កន្ត្រាក់លេីផ្ទះសំណាញ់ចំនួន ៤ខ្នងផ្ទះសំណាញ់ ដោយខូចខាត់ប្រហែល ៤០% នៃផ្ទះសំណាញ់សរុបចំនួន ១០ខ្នង ដែលបងប្អូនបានទទួលកម្ចីពី ធនាគារ ARDB ដើម្បីយកពង្រីកផ្ទះសំណាញ់។
ឯកឧត្ដមបណ្ឌិត បានចូលរួមសោកស្តាយ ជាមួយបងប្អូនកសិករ និងបានធ្វើការណែនាំ អោយជួសជុល និងកែសម្រួលឡេីងវិញ នូវ៖
១-ជួសជុលកែសម្រួលគ្រោងផ្ទះសំណាញ់
២-រៀបចំប្រព័ន្ធទឹក
៣-រៀបចំផែនការដាំដុះ ដោយធ្វេីដី ដាក់ជី និងបាញ់ថ្នាំសម្លាប់មេរោគក្នុងដី និងសត្វល្អិត
៤-ផ្សារភ្ជាប់ទីផ្សារឡើងវិញ
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត លេីកទឹកឲ្យគាត់ខិតខំប្រឹងប្រែងរៀបចំដាំដុះឡើងវិញ ហើយប្រសិនបើក្នុងករណីគាត់ត្រូវការឥណទានបន្ថែម សូមរៀបចំសំណេីសុំមកធនាគារ ARDB។
ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានបន្តអញ្ជើញទៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចុះពិនិត្យមើលការដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងមើលពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានដែលធនាគារបានផ្តល់ជូនបងប្អូនកសិករនៅទីនោះផងដែរ ៕