កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី ទុរេន ស្វាយ ស្រូវ ចិញ្ចឹមសត្វ និងដំណាំហូបផ្លែ ផ្សេងៗទៀត និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី
26 June 2023
ស្រុកសំឡូត ខេត្តបាត់ដំបង៖ កម្មវិធីសំណេះសំណាលជាមួយកសិករដាំដុះស្វាយចន្ទី ទុរេន ស្វាយ ស្រូវ ចិញ្ចឹមសត្វ និងដំណាំហូបផ្លែ ផ្សេងៗទៀត និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មដាំណាំស្វាយចន្ទី
—‐——————————
រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម លេីដំណាំ ឬដំណាំហូបផ្លែ មួយចំនួនមានដូចខាងក្រោម៖
• ស្វាយចន្ទី និងផលិតកម្មស្វាយចន្ទី
• ទុរេន សាវម៉ាវ ដូង ស្វាយ ប័រ ។ ល។
• ចិញ្ចឹមសត្វ និង
• ដាំបន្លែចំរុះក្នុងផ្ទះសំណាញ់ និងនៅទីវាល។
គោលបំណងនៃកម្មវិធីសំណេះសំណាលនេះ គឺ
1. ដេីម្បីផ្សព្វផ្សាយអំពីផែនការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចង់ក្លាយជា អធិរាជស្វាយចន្ទី នាពេលអនាគត ។
2. ស្វែងយល់ពីផលវិបាក ផ្សេងៗ ដែលបងប្អូនកំពុងជួបប្រឈម ក្នុងការប្រកបផលរបរកសិកម្ម និង អនុញ្ញាតអោយលើកអំពីសំណូមពរ មកធនាគារ ARDB ។
3. ធ្វើការណែនាំអោយបងប្អូនផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចិញ្ជឹមឆ្នាំងបាយ អោយក្លាយជាការធ្វើកសិកម្មបែបទំនេីបដែលមានលទ្ធភាពធ្វើការផ្គត់ផ្គង់ដល់ទីផ្សារ បន្ថែមពីលើការផ្គត់ផ្គង់ក្នុងគ្រួសារ។
4. ណែនាំដល់បងប្អូនកសិករ គួរចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ។ ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវកាល ដោយបងប្អូនអាចធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈ បណ្ដាញសង្គម និងយូធូប(Youtube) ជាដើម ដើម្បីទទួលបានចំណេះដឹងបន្ថែម។
5. ណែនាំអោយបងប្អូនចេះកែប្រែដំណាំ និងកែប្រែដី ដើម្បីអោយការដាំដុះទទួលបានទិន្នផលខ្ពស់។ ណាមួយកុំទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចអោយយើងដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ និងមានតម្រូវការ ដែលជួយកែប្រែដីកុំអោយខូច ឬអន់ថយគុណភាព។
6. ណែនាំ អោយបងប្អូនកែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ អោយ ឆ្លៀតចញ្ចឹមសត្វបន្ថែម ដើម្បីទទួលបានចំណូលបន្ថែម។
7. លើកទឹកចិត្តដល់បងប្អូនចងក្រងគ្នាជាសហគមន៍កសិកម្ម ឬបណ្តុំផលិតស្វាយចន្ទី ទុរេន និងដំណាំរួមផ្សំផ្សេងៗទៀត ដោយត្រូវរៀបចំនូវ ផែនការណ៍ដាំដុះ, រៀបចំផែនការចិញ្ចឹម ផែនការប្រមូលផល ក៏ដូចជាផ្សារភ្ជាប់ជាមួយទីផ្សារ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្នុងតម្លៃសមរម្យ។ ការណ៍នេះសំខាន់ណាស់ , បើបងប្អូនអាចធ្វើបាននោះបងប្អូនពិតជាទទួលបាន ផលចំណេញច្រើន និងមានចំណូលចូលគ្រួសារ។
8. លើកទឹកចិត្តដល់បងប្អូន ក្នុងករណីបងប្អូន ប្រជាកសិករ ឬបណ្តុំផលិត ណាម្នាក់ចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី បងប្អូនអាចស្នើសុំឥណទានពីធនាគារ ARDB បានក្នុងអត្រាការប្រាក់សមរម្យ និងអាចយកស្តុកគ្រាប់ស្វាយចន្ទីជាទ្រព្យធានា អាចទទួលបានរហូតដល់ ៧០% នៃតម្លៃគ្រាប់ស្វាយចន្ទីសរុប។
9. ចុងបញ្ចប់, ឯកឧត្ដមបណ្ឌិត ក៏បានសំណូមពរដល់ប្រជាកសិករទាំអស់ គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើការដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃ ឲ្យស្របតាមសង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារផងដែរ នៅពេលទទួលបានឥណទានពីធនាគារ ARDB។
10. បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើស តំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន៕