កម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប

26 June 2023

ការរៀបចំផែនការដាំដុះប្រកបដោយគុណភាព និងតាមបច្ចេកទេស ជាពាក្យណែនាំដែលឯកឧត្តមបណ្ឌិត កៅ ថាច បានទាញចំណាប់អារម្មណ៍ ដល់បងប្អូនកសិករ នៅក្នុងកម្មវិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍អំពីការដាំដុះស្វាយចន្ទីអោយទទួលបានជោគជ័យ នៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប
——————–
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម​ស្វាយចន្ទី​ នៅ៖
1. សហគមន៍កសិកម្មនៅឃុំលំទោង ស្រុកអន្លុងវែង ខេត្តឧត្តរមានជ័យ
2. សហគមន៍កសិកម្មនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប
ក្នុងឱកាសនេះ, ឯកឧត្តមបណ្ឌិត បានអនុញ្ញាត អោយអ្នកជំនាញដាំដុះស្វាយចន្ទី ធ្វើបទបង្ហាញអំពីបច្ចេកទេសស្តីពីការដាំដុះស្វាយចន្ទី អោយទទូលបានជោគជ័យ និងបានទិន្នផលខ្ពស់ ជូនដល់បងប្អូនដើម្បីជាដើមទុន និងធ្វើការកែប្រែទម្លាប់ពីការដុះតាមគ្នា ដោយគ្មានបច្ចេកទេស ទៅជាការដាំដុះឱ្យទទួលបានជោគជ័យ។
ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ លើកទឹកចិត្តដល់បងប្អូនកសិករដាំដុះស្វាយចន្ទីគួររៀបចំ​ ពិនិត្យ​ និង​សិក្សា​លម្អិត​ពី​ផែនការ​ដាំដុះ​ បច្ចេកទេស ក្នុង​ការថែទាំ​ និង​ប្រមូល​ផល​ និងសិក្សាស្វែងយល់​ពីបញ្ហា​ប្រឈមមួយចំនួននៃការដាំដុះស្វាយចន្ទី។ ក្នុងនោះបងប្អួនគួរសួរ​ នូវ​សំណួរ​មួយ​ចំនួន​មាន​ដូច​ជា​៖
• គួរ​ដាំនៅពេលណា?
• គួរ​ចំណាយ​លេីអីមុនគេ​ ហេីយបន្ទាប់អីទៀត?
• គួរ​ដាក់​ជីនៅពេលណា​ ជីប្រភេទណាខ្លះហេីយដាក់របៀបណា?
• គួរ​ថែទាំ​យ៉ាង​ម៉េច​?
• គួរថែរក្សា​ដីរបៀបណា​ ហេតុ​អ្វី​ត្រូវ​ថែរក្សា​ដី?
• គួរតែង​​មែកពេលណា​ របៀប​ណា​?
• ចុងក្រោយ​តើ​ប្រមូល​ផល​យ៉ាង​ម៉េច​?
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ​ ឱ្យបងប្អូនគួរផ្លាស់ប្តូរផ្នត់គំនិតកែប្រែពីការធ្វើកសិកម្មចិញ្ចឹមឆ្នាំងបាយ ឱ្យក្លាយជាការធ្វើកសិកម្មបែបទំនេីបវិញដោយត្រូវចេះតាមដានតំលៃកសិផលនៅលើទីផ្សារ និងត្រូវចេះតាមដានព័ត៍មានព្យាករណ៍អាកាសធាតុ​ ក៏​ដូចជា​កែប្រែទម្លាប់ ពីការដាំដុះដំណាំតែមួយមុខ អោយ ឆ្លៀតចញ្ចឹមសត្វបន្ថែម និងចេះកែប្រែដីសម្រាប់ដាំដុះឱ្យទទួលបានទិន្នផលខ្ពស់​។ មួយវិញទៀត​វាប្រសេីរជាការទុកដីទំនេរចោល គួររកដំណាំប្រភេទណា ដែលអាចដាំដុះរយៈពេលខ្លី ប៉ុន្តែមានទីផ្សារ និងមានតម្រូវការ​ ដែលជួយ​កែប្រែដីកុំអោយខូច​ ឬអន់ថយគុណភាព​ផងដែរ។ ហើយបងប្អូន ត្រូវចេះជ្រើសរើសដំណាំដាំតាមរដូវកាល​ ដោយបងប្អូនអាចធ្វើការសិក្សារៀនសូត្របន្ថែម ជាពិសេសក្នុងបរិបទសម័យទំនើបនេះ បងប្អូនអាចរៀនបានតាមរយៈ បណ្ដាញ​សង្គម​ និងយូធូប​(Youtube) ជាដើម ដើម្បីទទួលបានចំណេះដឹងបន្ថែម។
មួយវិញទៀតដើម្បីទទួលបានជោគជ័យ, ឯកឧត្តមបណ្ឌិត បានស្នើដល់បងប្អូន គួរ​ធ្វើការចងក្រងគ្នាជាសហគមន៍កសិកម្ម ឬបណ្តុំផលិតស្វាយចន្ទី​ ក៏ដូចជាដំណាំរួមផ្សំ​ផ្សេងៗទៀតផងដែរ។ ឯកឧត្តមបណ្ឌិត ណែនាំដល់បងប្អូនគូរត្រូវរៀបចំនូវ​៖
• ផែនការណ៍ដាំដុះ
• រៀបចំផែនការថែទាំ
• ផែនការប្រមូលផល
• រួម​គ្នាកែច្នៃពាក់កណ្តាលសម្រេច​ និង
• ធ្វើការផ្សារភ្ជាប់ជាមួយទីផ្សារ​ តាមរយៈកិច្ចសន្យាកសិកម្ម ដើម្បីធានាស្ថេរភាពតំលៃលើទីផ្សារ និងជៀសវាងការទំលាក់តំលៃពីឈ្មួញកណ្តាល។
ឆ្លើយតបទៅហ្នឹងកង្វល់បស់បងប្អូនកសិករអំពីបញ្ហាក្វះខាតថវិកាដើម្បីពង្រីកការដាំដុះ, ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់បងប្អូន ក្នុងករណីបងប្អូន ​ចង់បានឥណទាន​ ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ឬដំណាំផ្សេងទៀត, ឬពង្រីកការចញ្ចឹមសត្វ បងប្អូនអាចស្នើសុំឥណទានពីធនាគារ​ ARDB​ បានក្នុង​អត្រា​ការប្រាក់​ទាបសមរម្យ​។ ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា អត្រាការប្រាក់អនុគ្រោះសម្រាប់ការដាំដុះស្វាយចន្ទី នេះ​ គឺជា​អត្រា​ការប្រាក់​ដែលប្រមុខរដ្ឋាភិបាល ផ្តល់ជូន​ដល់បងប្អូនប្រជាកសិករ​ ក្នុងការលេីកទឹកចិត្ត​ និង​ជំរុញ​ ដេីម្បី៖
• ពង្រីក​ និង​រៀបចំ​ខ្សែ​ច្រវាក់ផលិតកម្មស្វាយចន្ទី​ សាងសង់​ឃ្លាំង​ស្តុក​ លាន​ហាល​ និងទិញម៉ាស៊ីនបកគ្រាប់ស្វាយចន្ទីពាក់កណ្តាលសម្រេច​ដែលមានស្តង់ដារខ្ពស់។
• ទិញជី​ ឬ​ផលិត​ជីកំប៉ុស់​ដែលមានគុណភាព​ និង​ទិញថ្នាំ​ដែល​អាចយកមកប្រេីមិនប៉ះពាល់សុខភាពខ្លួន​ និងអ្នកដែលទទួលទានចុងក្រោយ
• ថែទាំដោយយកចិត្តទុកដាក់ខ្ពស់​ ដោយ​សំអាតស្មៅ​ ជ្រោយ​ដី​ ដាក់ទឹក​ និងដាំរុក្ខជាតិការពារស្រទាប់ដី។
ជាទី​បញ្ចប់​ បណ្ឌិត កៅ ថាច ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើស តំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីខាន៕