សហគមន៍កសិកម្មមួយខាងខេត្តពោធិ៍សាត់អាចផលិតបន្លែបានរហូតដល់៥តោនក្នុង១ថ្ងៃ

12 October 2023

សហគមន៍កសិកម្មអូរថ្កូវរីកចំរើន ស្ថិតនៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានសមត្ថភាពផលិតបន្លែបានរហូតដល់៥តោននៅក្នុងមួយថ្ងៃ។
យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និង ជាប្រធានគណកម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា បង្ហាញថាហគមន៍កសិកម្ម មានសមាជិក ៥៤ នាក់ ផ្ទៃដី សរុប ១៩៣ ហិកតា (ផ្ទៃដីដាំដុះបន្លែសរុប ៥៧ ហិចតា) ចំនួនផ្ទះសំណាញ់ ៣៧ខ្នង (គិតជាផ្ទៃដី ១០ ៣០០ម៉ែត្រការ៉េ ជាពិសេសសហគមន៍នេះមានផ្ទះសំណាញ់ខ្នាតធំ ២០x៥០ ប្រមាណជា១០ខ្នង ដែលផលិតដំឡើងដោយខ្លួនឯង )។ ប្រភេទបន្លែផលិតបាន រួមមាន: តាសក់ ត្រឡាច ននោង (ប្រហើរ និង ជ្រុង) ល្ពៅ ត្រប់ (ត្រប់វែង ត្រប់ក្រាម ត្រប់ស្រួយ​ ត្រប់) ម្ទេស (ដៃនាង អាចម៌សត្វ ហាវ៉ៃ) ប៉េងប៉ោះ (ឈឺរី ផ្លែធំ) សណ្តែកទ្រើង ស្ពៃ (ស្ពៃតឿ ក្រញ៉ាញ់ ខ្មៅ កាឆយ…) សាលាដ៏ -ល-។ ទិន្នផលបន្លែប្រចាំថ្ងៃជាមធ្យមៈ ៥ ០០០ គីឡូក្រាម (តិចបំផុត ៣ ០០០គីឡូក្រាម និង ច្រើនដល់ ៧ ០០០គីឡូក្រាម)។
ឯកឧត្តមបញ្ជាក់ថា សហគមន៍នេះ ពិតជាមានសក្ដានុពលក្នុងការលើកផែនការកសិកធុរកិច្ច ដើម្បីទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បន្ថែមពីនេះទៀត សហគមន៍នេះ ក៏នឹងអាចចាត់បញ្ចូលជាផលិតករផ្គត់ផ្គង់បន្លែ ដែលជាសកម្មភាពទស្សនទានបន្លែឆ្នាំ ២០២៤ បានផងដែរ៕