ឯកឧត្តមបណ្ឌិត កៅ ថាច តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានចូលរួមជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសិស្សាក្នុងស្រុកខ្សាច់កណ្តាលនុសិស្សថ្នាក់ទី១២
20 October 2023
ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមជាអធិបតីក្នុងពិធី សំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់ កណ្តាល ដែលពិធីនេះប្រព្រឹត្តទៅដោយរួមបញ្ចូលគ្នា នៃវិទ្យាល័យទាំង២ ក្នុងស្រុកខ្សាច់កណ្តាល និងដោយមានការចូលរួមពីអាជ្ញាធរស្រុក-ឃុំ និងក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក-ឃុំ សរុបប្រមាណ ៧៥០ នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ តែងឧបត្ថម្ភគាំទ្រជារៀងរាល់ឆ្នាំចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅវិទ្យាល័យទាំង២ក្នុងស្រុកខ្សាច់កណ្តាល ដោយមានការបង្រៀនបំប៉នបន្ថែមម៉ោង និងបង្កើតឱ្យមានក្លឹបសិក្សា។ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជម្រាបជូនលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ខ្លាំង ប្រកបដោយឆន្ទៈមុតស្រួច បន្តធ្វើកំណែទម្រង់លើវិស័យអប់រំជាតិ ក្នុងគោលដៅលើកកម្ពស់ការអប់រំឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ពិសេសលើការបណ្តុះបណ្តាលផ្នែកធនធានមនុស្សនេះ ដោយគិតគូរចាប់ពីបឋមសិក្សាឡើងទៅ ដោយរួមបញ្ចូលទាំងផ្នែកសីលធម៌ និងសុជីវធម៌ ហើយសូម្បីតែការប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ក៏ត្រូវធ្វើការប្រឡងចូលដែរ ដើម្បីចម្រាញ់ជ្រើសយកអ្នកមានសមត្ថភាពពិតប្រាកដ ដែលជាការផ្តល់ឱកាសដល់សិស្ស និស្សិតគ្រប់រូប ទាំងអ្នកក្រ និងអ្នកមាន។ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់នូវអាទិភាពគន្លឹះ ៥ ក្នុងការបន្តកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលរួមមាន គឺ៖
“(១)មនុស្ស (២)ផ្លូវ (៣)ទឹក (៤)ភ្លើង និង(៥)បច្ចេកវិទ្យា” ដែលជាអាទិភាពគន្លឹះក្នុងយុទ្ធសាស្រ្តបញ្ចកោណ។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូបន្តខិតខំអប់រំបណ្តុះបណ្តាលសិស្សានុសិស្សឱ្យកាន់តែខ្លាំងបន្ថែមទៀត ដោយក្នុងនោះត្រូវបញ្ចូលបន្ថែមផ្នែកសីលធម៌ សុជីវធម៌ ការទំនាក់ទំនង ដែលជាជំនាញទន់ដ៏មានសារសំខាន់ផងដែរ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យឱ្យត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ជាប់ឱ្យបាន៩៥ភារយ នៃបេក្ខជនប្រឡងក្នុងស្រុកខ្សាច់កណ្តាល ពិសេសជាប់និទ្ទេស Aច្រើន។
ចុងបញ្ចប់, ឯកឧត្តមបណ្ឌិត កៅ ថាច បាននាំយកនូវថវិកាដ៏ថ្លែថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនបំប៉នដល់សិស្ស នៃវិទ្យាល័យទាំង២ និងឧបត្ថម្ភដល់សាលាស្រុកខ្សាច់កណ្ដាលផងដែរ។