ឯកឧត្តមបណ្ឌិត កៅ ថាច ចុះបំពេញការងារដេីម្បីពិនិត្យវឌ្ឍវនភាព និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រដែលសិប្បកម្មនេះជាដៃគូ
15 July 2024
សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណេីរចុះបំពេញការងារដេីម្បីពិនិត្យវឌ្ឍវនភាព និងខ្សែច្រវាក់ផលិតកម្មរបស់សិប្បកម្មជីសរីរាង្គផ្ទះពេជ្រ មានទីតាំងនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលសិប្បកម្មនេះជាដៃគូរបស់ធនាគារ ARDB។ សិប្បកម្មនេះ ត្រូវបានបង្កេីតឡេីង ដោយសហគមន៍កសិកម្មសម្ព័ន្ធខ្មែរអង្គរ នៅឆ្នាំ២០១៩ ក្នុងគោលបំណងផលិតជីសរីរាង្គដែលមានគុណភាពផ្គត់ផ្គង់ជូនសមាជិកសហគមន៍ និងប្រជាកសិករ។ លោកប្រធានសហគមន៍បានឱ្យដឹងថា ការចាប់ផ្តេីមផលិតជីសរីរាង្គផ្ទះពេជ្រ គឺចំពេលដែលពិភពលោកជួបបញ្ហាប្រឈមខ្លាំងដោយជំងឺកូវីដ១៩ និងបន្ទាប់មកទៀតបញ្ហាសង្រ្គាមរុស្សីនិងអ៊ុយក្រែន ប៉ុន្តែក៏ផ្ដល់ឱកាសដល់សហគមន៍ក្នុងការចាប់យកទីផ្សារ ដែលបច្ចុប្បន្នសិប្បកម្មមានសមត្ថភាពផលិតជីសរីរាង្គមានគុណភាពបានពី ៥ ទៅ ៦ តោនក្នុង១ថ្ងៃ និងផ្គត់ផ្គង់ទីផ្សារតាមបណ្តាខេត្តមួយចំនួន រួមមាន ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ កំពង់ចាម និងពោធិ៍សាត់។ សហគមន៍មានគម្រោងពង្រីកសមត្ថភាពបន្ថែម ដោយបំពាក់ឧបករណ៍ពាក់កណ្តាលស្វ័យប្រវត្តិ ដេីម្បីកាត់បន្ថយកម្លាំងពលកម្ម និងបង្កេីនផលិតភាព។
បន្ទាប់មក ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានបន្តចុះសិក្សាស្វែងយល់ខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុនពិជ័យ ១៧ ឯ.ក ស្ថិតនៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ ក្រុមហ៊ុននេះ ត្រូវបានបង្កេីតឡេីងនៅឆ្នាំ២០២២ ដេីម្បីផលិតជីកំប៉ុស្តិ និងបណ្ដុះផ្សិតសរីរាង្គសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ ក្រុមហ៊ុនមានសមត្ថភាពផលិតផ្សិតបានប្រមាណ ១០ តោនក្នុង១ខែ ឬប្រមាណ ពី ២០០ ទៅ ៥០០ គីឡូក្រាមក្នុង១ថ្ងៃ។