ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមធ្វើបទអន្តរាគមក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Closed-Door Meeting) នៃសមាជិកសន្និបាទហិរញ្ញវត្ថុជាសកល (FiCS)

27 February 2025

រដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ត្រូវបានអញ្ជើញចូលរួមធ្វើបទអន្តរាគមក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (High-Level Closed-Door Meeting) នៃសមាជិកសន្និបាទហិរញ្ញវត្ថុជាសកល (FiCS) ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាប័ន្ន (Sustainable and Inclusive Food Systems) ដែលរៀបចំដោយ អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងដោយមានការចូលរួមពីតំណាងសហគមអឺរ៉ុប (European Commission), ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៃប្រទេសកាណាដា, និងធនាគារអភិវឌ្ឍន៍មួយចំនួនទៀតមកពីជុំវិញពិភពលោក។
កិច្ចប្រជុំនេះ មានគោលបំណងកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍, ផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍, កៀរគរមូលធន, និងកំណត់នូវយុទ្ធសាស្រ្តអាទិភាពរួមសម្រាប់ការផ្តល់ហិរញ្ញប្បទានប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់ធាតុចូលសំខាន់ៗក្នុងការកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ក្នុងការគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងពិភាក្សាអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជុំវិញពិភពលោក។