អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប

25 March 2025

អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប
កំពង់ធំ-សៀមរាប: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានរបស់ធនាគារ ARDB ដល់សហគមន៍ដាំបន្លែ ផ្ទះសំណាញ់ និងសហគមន៍ចិញ្ចឹមមាន់ ព្រមទាំងកសិករចិញ្ចឹមទារយកស៊ុតផងដែរស្ថិតនៅ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
នៅក្នុងឱកាសនៃការអញ្ជើញចុះផ្សព្វផ្សាយឥណទានដល់ក្រុមសហគមន៍ ខាងលើនេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលរវាង ឯកឧត្តមបណ្ឌិត កៅ ថាច និងកសិករជាច្រើនកន្លែង ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយនិងការស្តាប់មតិលើកឡើងរបស់ក្រុមកសិករអ្នកចិញ្ចឹមសត្វ ព្រមទាំងកន្លែងបំប៉នគោយកសាច់,សហគមន៍ចិញ្ចឹមមាន់ស្រែស្ថិត ឃុំចំណាក្រោម និងកសិដ្ឋានចិញ្ចឹមទារយកស៊ុត ស្តីពីតម្រូវការទីផ្សារ ការផ្គត់ផ្គង់ ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។
បន្ទាប់ពីទទួលបានមតិលើកឡើងផ្សេងៗគ្នា និងសំណូមពរក៏ដូចជាការប្តេជ្ញាចិត្តចំពោះ មុខរបរនីមួយៗរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំបន្ថែមដល់បងប្អូនទាំងក្នុងសហគមន៍ ក្រៅសហគមន៍ទាំងអស់ព្រមទាំង អ្នកចិញ្ចឹមស្រាប់ដែលមានឆន្ទះពិតប្រាកដ ចង់ពង្រីកការចិញ្ចឹម និងដាំដុះបន្លែ ចិញ្ចឹមសត្វ ធនាគារ ARDB ស្វាគមន៍នឹងផ្តល់ឥណទានតម្លៃសមរម្យមានអត្រាការប្រាក់ទាបប្រមាណ ៧ភាគរយក្នុង១ឆ្នាំផងដែរ។
ទន្ទឹមនឹងនេះ ក្នុងនាមជាធនាគាររដ្ឋដែលបម្រើតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ធនាគារ ARDB មានគោលបំណងធំជាចម្បង គឺចង់ផ្តល់ជូនឥណទានដល់ប្រជាពលរដ្ឋដែលចង់បានទុនយកទៅធ្វើអាជីវកម្មពិតប្រាកដ និងកុំយកទៅប្រើប្រាស់ខុសគោលដៅរបស់ធនាគារ។
ហេតុដូច្នោះហើយ ការដែលសហគមន៍និងអ្នកចិញ្ចឹមសត្វ បានយកឥណទានទៅបង្កើតមុខរបរពិតប្រាកដ ដូចជា បង្កើតចំណូលមូលដ្ឋាន មានដាំដុះបន្លែ ចិញ្ចឹមាន់ ត្រី វារីវប្បកម្ម បន្លែផ្ទះសំណាញ់ ដែលទាំងអស់នេះបានជួយចូលរួមចំណែកយ៉ាងធំ ក្នុងការបង្កើតការ ផ្តល់ប្រាក់ចំណូលពលរដ្ឋ និងកាត់បន្ថយចំណាកស្រុកថែមទៀតផង។
ឆ្លៀតក្នុងឱកាសនោះដែរ នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តម បណ្ឌិត កៅ ថាច និងសហការី ក៏បានអញ្ជើញចុះពិនិត្យមើលចុងក្រោយ នូវទីតាំង កន្លែងកសិដ្ឋានរបស់ ក្រុមហ៊ុន Made for This របស់លោក ដារ៉ន ដែលចិញ្ចឹមត្រីតាម ប្រព័ន្ធទឹកវិលជាប្លុក (IPRS) និងក្រុមចិញ្ចឹមកង្កែប ភ្ញាស់កូនកង្កែប និងចិញ្ចឹមកង្កែបសាច់ ប្រមាណ២០គ្រួសារផងដែរ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។