អគ្គនាយកធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជាអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូននាយទាហានកងពលតូចអន្តរាគមន៍លេខ៨

6 April 2025

អគ្គនាយកធនាគារ ARDB និងសហព័ន្ធស្រូវអង្ករកម្ពុជាអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូននាយទាហានកងពលតូចអន្តរាគមន៍លេខ៨
ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនជានាយ ទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនប្រាសាទព្រះវិហារ។
នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍រំលឹកជូនថា នេះគឺជាលើកទី៣ហើយ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសប្បុរសជនរួមមាន សហព័ន្ធស្រូវអង្ករ ដើម្បីផ្តល់ជូនបងប្អូន នៅសមរភូមិមុខនាំយកគ្រឿង ឧបភោគបរិភោគមាន ជាស្បៀង អាហារ អង្ករ និងសម្ភារៈមួយចំនួនទៀត ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនបងប្អូន នៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ដែលឈរជើងការពារបូរណភាពទឹកដីសមរភូមិមុខតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ។
ឯកឧត្តមបណ្ឌិតថ្លែងរំលឹកថា ថ្ងៃនេះ ពិតជាមានមោទនភាពជាខ្លាំង និងសូមកោតសសើរយ៉ាងក្រៃលែង ចំពោះបងប្អូនទាំងអស់គ្នា ដែលឈរជើងការពារ បូរណភាពទឹកដីតំបន់ប្រាសាទព្រះវិហារបានយ៉ាងរឹងមាំ ដោយឈរលើស្មារតី និងការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេក្រោមបទបញ្ជាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកសាង ខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយនឹងប្រទេសជិតខាង ។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានរំលឹកជូន បងប្អូន ដែលជានាយទាហាន និងនាយទាហានរងទាំងអស់ ក្រៅពីការងារស្នូលការពារបូរណភាពទឹកដី ត្រូវតែយកពេលវេលាខិតខំកសាងសមត្ថភាពបន្ថែមទៀត ដូចជា ការប្រើប្រាស់បច្ចេកវិទ្យា និងការស្រាវជ្រាវបច្ចេកវិទ្យាយោធាដែលពិភពលោកកំពុងតែមានការអភិវឌ្ឍន៍។
ទោះបីជាមានភារកិច្ចមមាញឹកខ្លាំងយ៉ាងណាក្តី ឯកឧត្តមបណ្ឌិត កៅ ថាច មិនភ្លេចបងប្អូនឡើយ ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន ហេតុនេះហើយបានជាឆ្លៀតពេលវេលា មកសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍ជាស្បៀងអាហារ និងថវិកាមួយចំនួន ជូនបងប្អូននៅសមរភូមិមុខឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សម្រាប់ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៃកងពលធំអន្តរាគមន៍លេខ៣
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហព័ន្ធស្រូវអង្ករ ព្រមទាំងសហការី ដែលតែងតែផ្សារភ្ជាប់ជាមួយនឹងការសួរសុខទុក្ខ ដល់នាយទាហាន ពលទាហានកំពុងឈរជើងនៅតំបន់ប្រាសាទ ព្រះវិហារ។
បន្ទាប់ពីបានបញ្ចប់នូវពិធីសំណេះសំណាលជាមួយ និងការសួរសុខទុក្ខដល់នាយទាហាន និងនាយទាហានរងនៃកងពលធំអន្តរាគមន៍លេខ៣រួចមកឯកឧត្តមបណ្ឌិតប្រតិភូ បានអញ្ជើញចុះពិនិត្យមើលកន្លែងប្រមូលទិញ និងស្តុកដំឡូងមីមួយកន្លែង និងទីតាំងធ្វើកសិកម្ម របស់នាយទាហានស្ថិតនៅឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានផ្ទៃដី១៦០ហិកតាផងដែរ។